ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍ មានទីតាំងនៅភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេនមានចម្ងាយ៧៤ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។ ក្រុមប្រាសាទកោះកេរ្តិ៍សង់លើដីខ្ពង់រាបឈ្មោះឆកគគី ។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មទី៤ ក្នុងរវាងគ្រិស្តសករាជ (៩២៨-៩៤២) ជារាជធានីសម័យបុរាណ ប្រាសាទនេះកសាងឡើង សម្រាប់ឧទ្ទិសដល់អាទិទេព មួយអង្គនាម ត្រីភូវនេស្វរៈដែលសិលាចារិកជាភាសាខ្មែរហៅថា ” កម្រតែងដ៍រាជា“ ដែលជាអាទិទេពធំ ឬ ផ្ដល់សេចក្ដីសុខក្នុងពិធីសការៈទេវរាជមនុស្សលោក។ ប្រាសាទកោះកេរ្តរិ៍ មានលក្ខណៈជាប្រាសាទភ្នំ មានកម្ពស់ប្រមាណជា៣៥ម៉ែត្រ ចែកចេញជា ៧ ថ្នាក់ ឬ ៧ ជាន់ ដែលក្នុងមួយថ្នាក់ៗមានកម្ពស់ ៥ ម៉ែត្រ និង មានឆ្លាក់រូបផ្សេងៗលំអតាមកាំជណ្តើរ បើមើលហាក់ដូចជាចេតិយបែរមុខនោះទៅរកទិសខាងលិច ទៅរករាជធានីអង្គរ។
កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណមានអាយុប្រមាណជាង ១០០០ ឆ្នាំ មកហើយ ។ ក្រៅពីបានគយគន់សម្បត្តិកេរមរតកដូនតាដ៍មានតម្លៃនេះ នៅពេលដែលឡើងទៅដល់កំពូលគេអាចគយគន់មើលទេសភាពនិងស្រូបយកខ្យល់អាកាស ជុំវិញទីនោះ ដែលគេអាចមើលឃើញជួរភ្នំដងរែក ភ្នំត្បែងមានជ័យ និង ទិដ្ឋភាពស្រុកគូលែនទៀតផង។ នៅកណ្ដាលសម្លឹងមើលខាងក្រោមគេឃើញមាត់អណ្ដូងមួយដែលមានទំហំ៤x៤ម៉ែត្រ និង មានជម្រៅយ៉ាងជ្រៅ បើ ហើយតាមការតំណាលតៗមក បើគេទម្លាក់ដូងទុំពីទីនេះផ្លែដូងនោះនឹងផុសនៅស្រះខាងមុខជិតប្រាសាទខ្មៅឯណោះ។
ក្រុមប្រាសាទកោះកេរ្តិ៍ ដែលរកឃើញសព្វថ្ងៃមានចំនួន ៩៦ ប្រាសាទ ដែលសាងសង់លើផ្ទៃដី ៩ គីឡូម៉ែត្របួនជ្រុង ប៉ុន្តែប្រាសាទទាំងនោះ ពុំបានសង់ជិតៗគ្នាទេ គឺនៅដាច់ៗពីគ្នា ១ គីឡូម៉ែត្រ ទៅ៣ គីឡូម៉ែត្រឬ ៤គីឡូម៉ែត្រ បា្រសាទទាំងនេះក៍បានខួចខាតបាត់រូបរាង និងខ្លះបានកប់នៅក្នុងដី ហើយបច្ចុប្បន្នបានក្លាយទៅជារមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៍ល្បីល្បាញមួយរបស់ខេត្ត ព្រះវិហារ ។
No comments:
Post a Comment