Thursday, January 20, 2011

ភ្នំ​ដោះ​ក្រមុំ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ស័ក្តិ​សិទ្ធិ​សំរាប់​ការ​បួង​សួង



ខេត្ត​មណ្ឌល​គិរី​ ៖ រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ

​ភ្នំ​ដោះ​ក្រមុំ​គឺ​ជា​កន្លែង​មួយ​ដ៏​ល្បី​ល្បាញ​ថា​ មាន​បារមី​ពូកែ​ស័ក្តិ​សិទ្ធិ​សំរាប់​អ្នក​​បួង​សួង​សុំ​សេចក្តី​សុខ​ និង​រក​ស៊ី​មាន​បាន​សំបូរ​ធូរ​ធារ​។ ដោយ​សារ​​តែ​ភាព​ល្បី​ល្បាញ​នេះ រម​ណីយ​ដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​តែង​តែ​មាន​ភ្ញៀវទៅ​​សែន​ព្រេន និង​បួង​សួង​មិន​ដែល​ដាច់​ជា​រៀង​រាល់​ថ្ងៃ​។ អ្នកទៅ​​សែន​ព្រេន​មាន​ដូច​ជា​ជន​ជាតិ​ព្នង​ ខ្មែរ ចិន​ វៀត​ណាម​ជាដើម​។ ភ្នំ​ដោះ​ក្រមុំ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ សង្កាត់​សុខ​ដុម​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គីរី​។
តាម​ប្រសាសន៍​របស់​លោក​យាយ​អុក សារុន អាយុ​៥៧​ឆ្នាំ ជន​ជាតិ​ខ្មែរ និង​ជា​អ្នក​រៀប​ចំ​មើល​ថែ​ទាំ​កន្លែង​​សែន​ព្រេន​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​មាន​ប្រសាសន៍​​ថា គាត់​មក​នៅ​ទី​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ។ ចំពោះ​ភ្ញៀវ​ដែលទៅ​​សុំ​សេចក្តី​សុខ​ អុជ​ធូប​សែន​ព្រេនរៀង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ទេ​ ជួន​មាន​ច្រើន ជួន​មាន​តិច​ ជា​ពិសេស​​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ គឺ​មាន​ភ្ញៀវ​ច្រើន​ណាស់​។ អ្នក​ខ្លះ​​ចង់​លក់​ដី​ធ្លី​ ឬ​ផ្ទះ​សំបែង ​លក់​ដូរ​គ្រឿង​ទេស​មិន​ដាច់​ ខ្លះ​ឈឺច្រើន​ពេក​ បាន​ទៅ​​បួង​សួង​សូម​ឱ្យ​អ្នក​តា​ថែ​រក្សា​ភ្នំដោះ​ក្រមុំ​ជួយ​​ឱ្យ​បាន​សំរេច​ដូច​ប្រាថ្នា ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





លោក​យាយ​គុជ​ សៀន អាយុ​៥៨​ឆ្នាំ ​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១ ថា មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​ចាត់​តាំង​​ឱ្យ​គាត់​ទៅ​​ចាំ​មើល​ថែ​នៅភ្នំ​ដោះ​ក្រមុំ​អស់​រយៈ​ពេល​ជាង​៧​ឆ្នាំ​មក​ហើយ រួម​ជាមួយ​​ចាស់​ទុំ​ចំនួន​២​ទៅ​៣​នាក់​ទៀត​សំរាប់​​រៀប​ចំ​តង្វាយ​​។ គាត់​មាន​ប្រសាសន៍​​ថា​ អ្នក​ដែល​មក​បួង​សួងខ្លះ​មក​ពី​រាជ​ធានី​​ភ្នំពេញ​ ខ្លះ​ទៀត​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ មាន​ជន​ជាតិ​ខ្មែរ ព្នង ចិន វៀត​ណាម​ និងបារាំងជា​ដើម​​។ បន្ទាប់​ពី​បួង​សួង​​បាន​ប្រកប​ដូច​ក្តីប្រាថ្នាហើយ​នោះ​អ្ន​ក​មាន​ធូរ​ធារ​​គេ​ថ្វាយ​ជ្រូក​ខ្វៃ​ មាន់​ស្ងោរ គោ​ដុត ផ្លែ​ឈើ​ គ្រប់​មុខ​​។ លោកយាយ​បញ្ជាក់​ថា ​អ្នកខ្លះ​​រៀប​ការ​យូរ​ឆ្នាំ​ហើយ​មិន​មាន​កូន​បាន​ទៅ​បួង​សួង​សុំ​ឱ្យ​មាន​កូន​នឹង​គេ​ និង​មាន​គូស្នេហ៍​ខ្លះ​​ទៀត​ទៅ​ស្បថ​ស្បែ​ឱ្យ​លោក​តា​ភ្នំ​ដោះ​ក្រមុំ​ជួយ​ធ្វើ​ជា​សាក្សី​ បើ​អ្នក​ណា​ហ៊ាន​ក្បត់​ពាក្យ​សន្យា​ លោក​តា​នឹង​កាច់​ក គឺ​ស័ក្តិ​សិទ្ធិ​ណាស់​៕ 

        

ចង្កេះភ្នំដោះក្រមុំឡើងទៅកំពូលភ្នំ        ទីសក្ការបូជាដែលគេមានជំនឿថាមានបារមីស័ក្តសិទ្ធិ
       ចង្កេះភ្នំដោះក្រមុំឡើងទៅកំពូលភ្នំ                     ទីសក្ការបូជាដែលគេមានជំនឿថាមានបារមីស័ក្តសិទិ្ធ
​​​  

No comments:

Post a Comment