មួយរយៈមុននេះ សន្និសិទដ៏ធំមួយ ត្រូវបានរៀបចំក្នុងតំបន់ព្រៃដ៏ជ្រៅ ដែលមនុស្សលោក មិនទាន់ចៅដល់។ នៅលើវេទិការគណៈអធិបតីនៃអង្គសន្និសិទ សង្កេតឃើញមានអ៊ំដំរី ដែលចាស់ជាងគេ ព្រមទាំងខ្លា ទន្សាយ ក្រពើ និងកណ្តុរ ។ រីឯសមាសភាពចូលរួមសន្និសិទនេះ គឺមានគ្រប់ពពួកសត្វទាំងអស់ ដែលនៅសេសសល់ក្រោយពីមាន "ការអភិរក្ស" របស់មនុស្ស។ |
បន្ទាប់ពីធ្វើការគោរពភ្លេងជាតិ " ព្រៃព្រឹក្សាខៀវខ្ចី" និងភារវកិច្ចគោរពវិញ្ញាណខ័ន្ធពពួកសត្វទាំងឡាយ ដែលបាន "ពលីកម្ម ដើម្បីមនុស្សលោក" មួយនាទីរួចមក ដំរីដែលជាសត្វចំណាស់ជាងគេ បានឡើងសំដែងមតិបើកអង្គសន្និសិទ៖ |
|
សូមគោរពអ្នកទាំងអស់! ពួកយើងជួបជុំគ្នាជួបជុំគ្នានៅទីនេះ ផ្តើមចេញពីបញ្ហាដ៏សារៈសំខាន់បំផុតមួយ ដែលអាចនិយាយថា សំខាន់បំផុតសម្រាប់សតវត្សរ៍នេះ។ នោះគឺបញ្ហាអភិរក្ស និងអភិវឌ្ឍមនុស្ស! |
ស្នូរ "ទះដៃ" បន្លឺឡើងកងរំពង។ ជាមួយសម្លេងអួលដើមក និងទឹកភ្នែករលីងរលោង ដំរីពោលបន្តៈ ដូចដែលអ្នកទាំងអស់គ្នា សុទ្ធតែបានយល់ បានដឹងនោះគឺ "មនុស្សលោក" ជាសត្វលោកដ៏ឧត្តុង្គឧត្តមបំផុតនៃយើង ហើយសក្ខីកម្ម គឺ "មនុស្សលោក" ពុំដែលយល់សុបិន្តឃើញខ្លួនក្លាយជាដំរី ខ្លា ជ្រូក តោ... ឡើយ គឺមានតែ ដំរី ខ្លា ជ្រូក តោ... និងសូម្បីតែជន្លេន ដង្កូវទេ ដែលតែងសុបិន្ត សង្ឃឹមចង់បានក្លាយជាមនុស្ស។ |
អាស្រ័យហេតុនេះឯង "ការអភិរក្ស និងអភិវឌ្ឍ" មនុស្ស គឺជាសំណូមពរទាមទារ ដ៏ចាំបាច់បំផុត នៃយុគ្គសម័យ ហើយក៏ជាភារៈកិច្ច ដ៏មានសារៈសំខាន់បំផុត ដែលពួកយើង គ្មានសិទ្ធិនឹងមើលរំលង ឬជៀសវាងបានឡើយ។ |
|
អ្នកទាំងអស់គ្នាទីគោរព! |
ពួកយើងពុំមែនជាមនុស្សទេ! យើងកំពុងរស់នៅក្នុងបរិស្ថានមួយ ដែលស្អាតបរិសុទ្ធ មិនត្រូវបំពុល គ្មានរឿងស្ទះចរាចរ មិនចាំបាច់បង់ថ្លៃភ្លើង ថ្លៃទឹក គ្មានរឿងជួញដូរមនុស្ស...។ អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ គ្រឿងញៀន ក៏កាន់តែពុំមានឱកាសកើតឡើង ក្នុងទីឋានរបស់យើងដែរ។ មនុស្សលោកពុំមានឱកាសបែបនេះឡើយ។ មួយជីវិតនេះ ពួកគេត្រូវប្រឈមមុខនឹងរឿងរ៉ាវទាំងឡាយ ដូចពោលខាងលើ ព្រមទាំងរឿងផ្សេងៗទៀត។ ហេតុនេះគ្រោះគំរាមកំហែងនៅលើមនុស្សលោក គឺមានយ៉ាងពិតប្រាកដ ហើយអាចប្រឈមនឹងការផុតពូជផង។ |
ថ្វីត្បិតតែពុំមែនយើងទាំងអស់គ្នា សុទ្ធតែមានការយោគយល់ អធ្យាស្រ័យ និងការពិចារណាល្អចំពោះមនុស្ស ក៏ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់គ្នា និងអង្គសន្និសិទទាំងមូលរួមគ្នាស្វះស្វែងរកទិសដៅសមស្រប វិធានការជាក់ស្តែង សំដៅជួយឲ្យមនុស្សលោកឋិតស្ថេរ និងអភិវឌ្ឍន៍។ |
សូមសំដែងការគាំទ្រដោយស្នូរ "ទះដៃ" |
ស្នូរ "ស្នូរទះដៃលឺលាន់ប្រាវ" |
|
ដំរីមានយោបល់បន្តៈ សូមអ្នកទាំងអស់គ្នាចងចាំថា ការប្រយុទ្ធ ដើម្បីការពារមនុស្ស គឺជាការតស៊ូដ៏តឹងតែង និងស្វិតស្វាញ ។ ហេតុនេះ ចាំបាច់ត្រូវមានសេចក្តីក្លាហាន ហ៊ានពលីកម្ម អំណត់ព្យាយាម ទើបសង្ឃឹមទទួលបានជ័យជំនះ។ |
|
តោងើបឈរ មានយោបល់មុនគេៈ |
ខ្ញុំឯកភាពទាំងស្រុងជាមួយមតិរបស់អ៊ំដំរី។ ខ្ញុំគិតឃើញថា តាមការឆ្លុះបញ្ចាំងរបស់វិទ្យាសាស្រ្តនោះ មនុស្សសម័យទំនើប មានអត្រាស្លាប់ខ្ពស់ បណ្តាលមកពីជំងឺ បេះដូង ហើយមូលហេតុចម្បងធ្វើឲ្យមានជំងឺបេះដូង គឺបណ្តាលមកពីមានខ្លាញ់ច្រើនពេក ។ រីឯ ការដែលមានជាតិខ្លាញ់ច្រើនពេក នោះគឺមកពីបរិភោកសាច់ច្រើន ក្នុងនោះមួយចំណែកធំ គឺសាច់ជ្រូក។ ដូចនេះ បើពលីកម្មជ្រូក យើងនឹងសង្គ្រោះមនុស្សលោកបាន។ |
|
ជ្រូកក្រោកឈរភ្លាមៈ |
ខ្ញុំហ៊ានធ្វើពលីកម្មជានិច្ច។ ជាភស្តុតាង ខ្ញុំបានធ្វើឲ្យពពួកខ្ញុំចម្លងរោគ "ជ្រូកត្រចៀកខៀវ" ប៉ុន្តែចំនួនមនុស្សស្លាប់ដោយសារជ្រូក វាមានតិចតួចណាស់ បើប្រៀបធៀបទៅនឹងមូស ដែលនាំមកនូវរោគគ្រុនចាញ់ គ្រុនឈាម! ខ្ញុំសំណូមពរឲ្យបណ្តេញមូសចេញពីសហគមន៍។ |
|
មូសឆ្លើយតបភ្លាមៗ: |
វាពុំមែនឲ្យតែមូស ខាំ ក៏បណ្តាលឲ្យមនុស្សស្លាប់នោះឡើយ តែមនុស្សជាច្រើនបានស្លាប់ដោយសារ ពស់ចឹកទៅវិញទេ ហេតុនេះខ្ញុំសំណូមពរឲ្យបណ្តេញពស់ ចេញពីព្រៃព្រឹក្សានេះភ្លាមទៅ...! |
|
ពស់ស្រែកសន្ធាប់ៈ |
ពួកខ្ញុំធ្វើឲ្យមនុស្សស្លាប់ គឺតិចណាស់ បើប្រៀបធៀបទៅនឹងមនុស្សសម្លាប់ពួកខ្ញុំ ។ ភស្តុតាង គឺមនុស្សបានយកពួកខ្ញុំទៅត្រាំស្រា វាគ្មានពស់ណាយកមនុស្សមកត្រាំស្រាឡើយ ម្យ៉ាងទៀត តាមខ្ញុំដឹងនោះ គឺខ្លាទេ ដែលស៊ីមនុស្សច្រើនជាង។ |
|
ខ្លាស្រែកទាំងគ្រេវគ្រោដៈ |
ខ្ញុំមិនបដិសេធទេ តែចំនួនមនុស្សដែលស្លាប់ដោយសារពួកខ្ញុំ វាតិចជាងអ្នកភូមិដែលត្រូវហ្វូងដំរីព្រេច និងបំផ្លាញដំណាំ ស្បៀង ធ្វើឲ្យគេអត់បាយស្លាប់។ |
|
ដំរីពោលខ្លាំងៗថាៈ |
គឺផ្ទុយទៅវិញទេ! មនុស្សភាគច្រើនត្រូវស្លាប់ ដោយសារអាហារបរិភោគ គ្មានអនាម័យ ហើយអ្នកដែលបង្ករឿង គឺពពួករុយ ខ្ញុំសំណូមពរឲ្យកម្ទេចរុយចោលឲ្យអស់...។ |
|
រុយឆ្លើយបកភ្លាមៗថាៈ |
រុយ ឬមូស វាជាអ្វីទៅ កុំចេះតែទម្លាក់កំហុស! ចុះចំណែកមនុស្សដែលបាត់បង់ជិវិតដោយត្រីកំពតវិញ វាយ៉ាងណាដែរ? |
ដោយទម្លាក់កំហុសពីមួយ ទៅមួយ ធ្វើឲ្យមានការជជែកវែកញែកឡើងរង្គើរព្រៃភ្នំតែម្តង!។ ពពួកសត្វ បានរកឃើញថា មិនអាចការពារមនុស្ស សម្អាតបរិស្ថានរស់នៅរបស់មនុស្ស ដោយគ្មានផលប៉ះពាល់ទៅលើពួកគេឡើយ។ ចុងក្រោយអង្គសន្និសិទ បានពង្រាងចេញសេចក្តីថ្លែងការណ៍មួយ ដែលមានប្រសិទ្ធិភាពហើយ មិនប៉ះពាល់ដល់ផលប្រយោជន៍សត្វណាទាំងអស់។ |
|
វិធានការណ៍បន្ទាន់សម្រាប់ការពារមនុស្សរួមមាន៖ |
១/ ជំរុញការងារឃោសនា អប់រំ លើកកម្ពស់អត្ថន័យ និងសារៈសំខាន់របស់មនុស្ស ក្នុងជីវភាពចច្ចុប្បន្នកាល។ |
២/ បង្កើនការត្រួតពិនិត្យ កែសម្រួលគោលការណ៍ច្បាប់ ទម្លាប់ណាដែលរារាំងការអភិវឌ្ឍរបស់មនុស្ស។ |
៣/ ពង្រឹង និងពង្រីករាល់ថាមពលនៃធម្មជាតិ ដើម្បីលើកកម្ពស់មនុស្ស ឲ្យបានខ្ពស់ជាងមុន។ |
៤/ សរសើរ និងផ្តល់រង្វាន់ចំពោះពពួកសត្វណា ដែលជួយឲ្យមនុស្សរីកចំរើន ព្រមទាំងដាក់ពិន័យធ្ងន់ធ្ងរ ឬអាចធ្វើការចោទប្រកាន់បទឧក្រិដ្ឋ ក្នុងករណីបទល្មើសធ្ងន់ធ្ងរ ពាក់ព័ន្ធដល់អាយុជីវិតមនុស្ស។ |
៥/ បំផុសចលនា "សប្តាហ៍ដើម្បីមនុស្ស" |
៦/ ត្រូវតែងបទចម្រៀង ឆាកល្ងោន អំពីមនុស្ស ក្នុងនោះបញ្ជាក់ឲ្យច្បាស់លាស់អំពីសារៈសំខាន់របស់មនុស្សក្នុងប្រវត្តិសាស្រ្ត។ |
៧/ សហការ ពិភាក្សាឲ្យបានជាប្រចាំជាមួយមនុស្ស ដើម្បីស្វែងរកវិធានការណ៍ជាក់ស្តែង និងអនុវត្តព្រមៗគ្នា។ |
៨/ រៀបចំប្រតិភូ ទស្សនាជាប្រចាំនូវស្នាដៃរបស់មនុស្ស អំពីវប្បធម៌ វិទ្យាសាស្រ្ត ។ ថវិកាព្រៃព្រឹក្សាជាអ្នកផ្តល់ឲ្យ។ |
៩/ មិនប្រាស្រ័យទាក់ទងជាមួយសមាសភាពមនុស្ស ដែលគួរឲ្យមន្ទិលសង្ស័យ។ |
១០/ រៀបចំ និងផ្សព្វផ្សាយបញ្ហា "អភិរក្ស និងអភិវឌ្ឍមនុស្ស" នៅឲ្យបានដល់ស្រទាប់ទាំងអស់ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំ ៕ |
No comments:
Post a Comment