វត្តភ្នំ
វត្តភ្នំ បេះដូងនៃទីក្រុងភ្នំពេញវត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធដិមាករនោះ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតីយ៏ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសំរស់ប្រសើរឡើងៗ ។
វត្តភ្នំ បេះដូងនៃទីក្រុងភ្នំពេញ |
និមិត្តរូបព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំ
និមិត្តរូបព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំបង្ហាញពីការប្រគល់ខេត្តទាំងបីអោយខ្មែរវិញនៅឆ្នាំ១៩០៧រមណីយដ្ឋានវត្តភ្នំមានកេរដំណែល និងស្លាកស្នាមប្រវត្ដិសាស្ដ្រជាច្រើន ដែលបន្សល់ ទុកតាំងពីការកកើតរាជធានីភ្នំពេញដំបូងក្នុងសតវត្សរ៍ទី១៤មកម្ល៉េះ។ ក្នុងចំណោមនោះ រូបសំណាក ព្រះបាទស៊ីសុវត្ថិ ដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញ ផ្នែកខាងត្បូងក៏ជាកេរតំណែល ប្រវត្តិសាស្ដ្រមួយដ៏សំខាន់ផងដែរ ក្នុងសម័យកម្ពុជាស្ថិតនៅក្រោម រាជការអាណាព្យាបាលបារាំង។ ព្រោះថារូបសំណាកនេះ ជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃ ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ឌឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ ។ ព្រះបាទស៊ីសុវត្ថិ ត្រូវបានក្រុមជំនុំធំសម្រាប់ព្រះបរមរាជវាំង រៀបចំពិធីអភិសេក ឲ្យឡើងគ្រងរាជ្យសម្បត្តិ ក្នុងគ្រឹស្តសករាជ១៩០៦ បន្ទាប់ពីព្រះបាទនរោត្តម ទ្រង់ចូលសុវណ្ណគត។ កាលនោះព្រះបាទស៊ីសុវត្ថិមានព្រះជន ៦៤ព្រះវស្សា ។ មុនឡើងគ្រងរាជសម្បត្តិ ព្រះបាទស៊ីសុវត្ថិ គឺជាស្ដេចព្រះឧបរាជដ៏ក្លាហានមួយព្រះអង្គ ដែលមិនចេះខ្លាចញញើតឡើយចំពោះការនាំទ័ពទៅធ្វើសង្គ្រាម បង្ក្រាបពួកបះបោរ (គ.ស១៨៦១-១៨៨៤)។ បណ្តាប្រជារាស្ដ្រគោរពស្រឡាញ់ ព្រះអង្គជាក្សត្រដែលមានព្រះទ័យទូលំទូលាយ ចេះរាក់ទាក់ និងយោគយល់អធ្យាស្រ័យល្អ ចំពោះអ្នកផងទាំងពួង។ ស្នាព្រះហស្តរបស់ព្រះអង្គគឺទ្រង់បានកសាងវិទ្យាល័យមួយស្ថិតនៅខាងក្រោយ ព្រះបរមរាជវាំងមានឈ្មោះថា " វិទ្យាល័យស៊ីសុវត្ថិ" នៅពេលដែលព្រះអង្គបានឡើងសោយរាជ្យ។ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ក្រៅពីទ្រង់បានបង្កើត ព្រះរាជបណ្ណាល័យសម្រាប់តម្កល់សៀវភៅធម៌ និងក្បួនច្បាប់សម្រាប់ជនទាំងឡាយទៅសិក្សា ទ្រង់បានកសាង សាលាបាលី សម្រាប់បង្រៀនព្រះត្រៃបិដក កសាងសាលារចនា និងសារមន្ទីរសម្រាប់ជនទាំងឡាយទៅសិក្សាពង្សាវតា ហើយនិងបង្កើតឲ្យមានសាលាច្បាប់សម្រាប់ធ្វើរាជការ។ នៅមានព័ត៌មានមួយទៀតសំខាន់ណាស់ គឺកាលគ្រិស្តសករាជ១៩០៧ នគរសៀមបានចុះសន្ធិសញ្ញា ជាមួយរាជការអាណាព្យាបាលបារាំង ប្រគល់ខេត្តបាត់ដំបង ស៊ីសុផុន និងសៀមរាបមកឲ្យខ្មែរវិញ បន្ទាប់ពីខេត្តស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ ត្រូវបានសៀមប្រគល់មកឲ្យខ្មែរវិញម្តងរួចមក ហើយកាលពីគ្រឹស្តសករាជ១៩០៤។ គឺដោយសារស្នាព្រះហស្តរបស់ ព្រះបាទស៊ីសុវត្ថិទាំងអស់នេះហើយ ដែលនាំឲ្យមានការស្ថាបនា រូបសំណាកព្រះអង្គខាងលើនេះឡើងដើម្បីទុក្ខជានិមិត្តរូប តម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូងតាំង ពីពេលនោះមក។ ប៉ុន្តែរូបសំណាក់ ដូចដែលបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម តាមសំណូមពររបស់អាជ្ញាធរ ក្រុងភ្នំពេញ នៅពាក់កណ្តាលខែមករា១៩៩៨។ រូបសំណាកចម្លងនេះសាងសង់ឡើងពីស៊ីម៉ងត៍។ ចំណែករូបដើមត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ ដោយអ្នកគ្រប់គ្រង មន្ទីរអភិរក្សបុរាណវត្ថុ តាំងពីក្រោយព្រឹត្តិការណ៍ថៃ្ង១៨ មីនា ១៩៧០ម្ល៉េះ។ រូបសំណាកនោះធ្វើអំពីល្បាយលោហធាតុមានស្ពាន់ភាគច្រើនក្នុងឆ្នាំ១៩០៩។ បើពិនិត្យទៅលើផ្ទាំងរូបសំណាកនេះ ឃើញថានៅចុងខាងលើបង្អស់នៃផ្នែកខាងឆ្វេង មានសរសេរអក្សរបារាំងពីរតួ RF(Republique Francaise) ប្រែថា សាធារណរដ្ឋបារាំង។ នៅពីលើតួអក្សរនេះមានចុងដងទង់ជាតិមួយតូចធ្លាក់ជារាងផ្កាម្លិះ(ដើមរុក្ខជាតិតូចមានផ្កាសនិងក្លិនក្រអូប ដើមវាជានិមិត្តរូបនៃភាពបរិសុទ្ធ និងផ្កាវាជានិមិត្តរូបនៃរាជាធិបតេយ្យនៅប្រទេសបារាំង) ពណ៌បៃតង។ ភ្ជាប់នឹងដងនេះ គឺជាទង់ជាតិប្រទេសបារាំងមានពណ៌ខៀវ ស ក្រហម ដែលត្រូវបានពលថ្មើរជើងម្នាក់ កំពុងឈរវន្ទនាការដោយដៃស្តាំ កាន់កាំភ្លើងបឈ្ឈរស្របនឹងជើង ហើយដៃធ្វេងទាញទង់ជាតិនោះឲ្យលាតសន្ធឹងពីលើ។ នៅពីលើទង់នេះជារូបនាគពណ៌បៃតងនិងខាងក្រោមមានផ្ទាំងថ្មរាងចតុកោណចំនួន៣ ត្រួតពីលើគ្នាលំអរដោយក្បាច់បុរាណខ្មែរ។ នៅពីលើផ្ទាំងថ្មមានឆ្លាក់អក្សរបារាំងថា " Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon " ប្រែជាខ្មែរថា សន្ធិសញ្ញាបារាំងសៀម ចុះថ្ងៃទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាងក្រោមអក្សរចារឹក នេះមានរូបសំណាកជនជាតិបារាំងដូរូសូ ដឺ គុលសង់ ដែលជាកុងស៊ុលប្រចាំនៅខេត្តបាត់ដំបង នាឆ្នាំ១៩០៣ (តាមឯកសារលោក តូច ឈួង)។ ចុងក្រោយបង្អស់ នៃផ្នែកខាងឆ្វេង គឺជារូបក្បាលដំរីលេចចេញពីក្របសិលាចារឹកផ្នែកកណ្តាលនៃរូបសំណាកជារាជបល្លង្កលំអដោយក្បាច់នាគក្បាលបី ។ ព្រះបាទស៊ីសុវត្តិទ្រង់ប្រថាប់ក្រោមព្រះស្វេតច្ឆត្រ និង ទ្រង់គ្រឿងអម្ពរពស្ដ្រាជាស្ដេចកំពុងគ្រងរាជ្យ ។ ចំណែកនៅផ្នែកខាងស្តាំវិញ ជារូបនារីបីនាក់មានសម្លៀកបំពាក់ខុសៗគ្នា និងមានកាន់ពានមួយម្នាក់។ នារីទីមួយសម្លៀកបំពាក់របៀបរូបចម្លាក់អប្សរានៅ ប្រាសាទអង្គរវត្ត មានកាន់ពានមួយតម្កល់រូបសំណាកមួយ ប្រហែលជារូប ប្រាសាទព្រះវិហារ។ តាមរយៈនេះអ្នកជំនាញខាងបុរាណវិទ្យា បានសន្និដ្ឋានថារូបនារីទី១នេះជាតំណាងឲ្យខេត្តសៀមរាប រីឯនារីទាំងពីរខាងក្រោយតំណាងឲ្យ ខេត្តបាត់ដំបង និងស៊ីសុផុន ពីព្រោះខេត្តទាំងពីរនេះ នៅជាប់នឹងប្រទេសសៀម ហើយសម្លៀកបំពាក់ របស់នារីទាំងពីរ ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រីបម្រើក្នុង ព្រះរាជវាំងប្រទេសទាំងពីរ(កម្ពុជា-សៀម) នាសម័យនោះដែរ។ នារីទីពីរមានកាន់ពានតម្កល់ថង់ត្រាពណ៌បៃតង និងត្រាពណ៌លឿង។ នារីទីបីកាន់ពានតម្កល់ក្លង (បំពង់មានគ្របខ្លីជាងក្លាក់ធ្វើដោយក្រឡឹងដោយសិតក្លង ស្ពាន់ក្លងភ្លុក) ពណ៌បៃតង សម្រាប់ដាក់ឯកសារជាលាយលក្ខណ៍អក្សរ ។ នារីទាំងបីនាក់ ធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ។ ខាងលើនៃផ្ទាំងសិលាចារឹកនេះ មានរូបនាគពណ៌បៃតង និង ខាងក្រោមក្បាលនាគ មានរូបក្បាលដំរីលេចចេញពីផ្ទាំងសិលានោះ ។
No comments:
Post a Comment